យុទ្ធសាស្ត្រទីផ្សារដែលសហគ្រិនត្រូវចេះ ដើម្បីអាជីវកម្ម

mk-ch245_monito_p_20131022152320គំនិតនិងការបំលែងគំនិតទៅជាសកម្មភាពគឺជារឿងសំខាន់ដែលទំនងជាមានមនុស្សតិចណាស់ដែលអាចធ្វើបាន។ ទីបំផុតអ្នកទាំងនោះត្រូវបានគេដាក់ឈ្មោះថា អ្នកទ្រិស្តីនិយម និងអ្នកប្រតិបត្តិនិយម (អ្នកថានិងអ្នកធ្វើ)។
រកស៊ីគឺជារឿងមួយដែលពោពេញដោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីព្រោះអ្នករកស៊ីច្រើនតែទីផ្សារតែមួយ។ដូចនេះការស្គាល់យុទ្ធសាស្ត្រជំនួញឬទីផ្សារនៃការរកស៊ីគឺវាមានសារៈសំខាន់។ខ្ញុំសូមបកស្រាយនូវយុទ្ធសាស្ត្រទីផ្សារមួយបែបដល់ប្រិយមិត្តអ្នកអានទាំងអស់អោយបានយល់ដឹងខ្លះៗអំពីយុទ្ធសាស្ត្រទីផ្សារ។
យុទ្ធសាស្ត្រទីផ្សារត្រូវបានបង្កើតឡើងជាដំបូងដោយលោក Neil Borden ជាប្រធានសមាគមន៍ទីផ្សារអាមេរិចក្នុងឆ្នាំ១៩៥៣និងជាសាស្ត្រាចារ្យមហាបរិញ្ញាផ្នែកទីផ្សារនិងផ្សព្វផ្សាយនៃសាកលវិទ្យាល័យពាណិជ្ជកម្មហាវឺត ដែលត្រូវបានគេប្រទះឃើញក្នុងរៀវភៅមួយក្បាលរបស់លោកបោះពុម្ភឆ្នាំ១៩៤២ មានចំណងជើងថា The Economic Effects of Advertising ។ ក្រោយមកអ្នកទីផ្សារម្នាក់ លោក E. Jerome McCarthy បានស្នើឡើងនូវការធ្វើចំណែកថ្នាក់4Pនៅឆ្នាំ១៩៦០។ យុទ្ធសាស្ត្រនេះជាគន្លឹះមួយក្នុងផែនការទីផ្សារ ដែលគេហៅថា4p មានដូចជា Product, Price, Promotion និង Placement។ បច្ចុប្បន្នយុទ្ធសាស្ត្រនេះត្រូវបានប្រើប្រាស់ដោយអ្នកនាំទំនិញទៅ កាន់ផ្សារទូទាំងពិភពលោក។ តើ4P មានអ្វីខ្លះទៅ?
P1: Product (ផលិតផល)
ផលិតផលត្រូវបានគេមើលឃើញថាជាតម្រូវការរបស់អ្នកប្រើប្រាស់។ វាអាចជាទំនិញរូបីយឬ សេវាកម្ម។ផលិតផលនីមួយៗតែងតែមានវដ្តជីវិតរបស់វា រួមមានកំណើនថេរ លែងសូវពេញនិយម និងនៅទីបញ្ចប់ការលក់ថយចុះឈានរហូតដល់លែងមានតម្រូវការ។ ដូច្នេះ បណ្ដាអ្នកនាំទំនិញទៅកាន់ផ្សារ គួរសិក្សាទីផ្សារឲ្យបានល្អិតល្អន់ទៅលើអាយុកាល នៃវដ្តផលិតផល។ តើទំនិញឬសេវាកម្មរបស់ខ្លួនជាទំនិញឬសេវាកម្មដែលមនុស្សគ្រប់រូបតែងតែត្រូវការជាចំបាច់?
P2: Price (តម្លៃ)
ទំហំថវិកា ដែលអតិថិជនត្រូវតបស្នងសម្រាប់ផលិតផលឬសេវាកម្មមានសារៈសំខាន់ណាស់ ក្នុងការកំណត់ប្រាក់ចំណេញរបស់ក្រុមហ៊ុន និងរយៈពេលឈរជើង។ ការប្រែប្រួលតម្លៃមានឥទ្ធិពលខ្លាំងណាស់ទៅលើយុទ្ធសាស្ត្រទីផ្សារ និងអាស្រ័យលើភាពបត់បែននៃតម្លៃផលិតផល ហើយការជះឥទ្ធិពលទៅលើតម្រូវការនិងការលក់ផងដែរ។ យុទ្ធសាស្ត្រកំណត់តម្លៃផ្អែកលើកត្តាសំខាន់ៗ៣ជាមូលដ្ឋាន៖ ការពិនិត្យមើលតម្លៃប្រកួតប្រជែងទីផ្សារ តម្លៃវាយលុកទីផ្សារ និងតម្លៃសមរម្យអាចទទួលយកបាន។
P3: Promotion (ការផ្សាយឃោសនា)
មធ្យោបាយផ្សាយឃោសនាត្រូវបានប្រើប្រាស់ដើម្បីផ្ដល់ព័ត៌មានឲ្យ អតិថិជនគោលដៅបានយល់ និងបង្ហាញផលិតផល និងសេវាកម្ម។ មធ្យោបាយទាំងនោះរួមមាន៖ ការផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងសាធារណៈ ការរៀបចំលក់ និងកម្មវិធីលក់ពិសេស។ ការឃោសនាអាចធ្វើទៅបានតាមប្រព័ន្ធផ្សព្វផ្សាយ អ៊ីនធើណេត ផ្លាកបាណូ កម្មវិធីតាំងពិពណ៌ និងព្រឹត្តិការណ៍ផ្សេងៗ។ ជាពិសេសក្នុងបរិបទនេះគឺគេផ្តោចយកចិត្តទុកដាក់លើបណ្តាញសង្គមខ្លាំងបំផុត។ ក្រៅពីនេះ ការដែលអតិថិជនបានប្រើប្រាស់ផលិតផលលោកអ្នកហើយពេញចិត្ត រួចណែនាំផ្ទាល់មាត់ទៅដល់អ្នកប្រើប្រាស់ដទៃទៀត ក៏ចាត់ទុកជាការផ្សាយឃោសនាដែរ ហើយថែមទាំងមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង។ ក្រៅពីនេះ ការបញ្ចុះបញ្ចូលរបស់បុគ្គលិកផ្នែកលក់ដើរតួនាទីយ៉ាងសំខាន់សម្រាប់ ទំនាក់ទំនងសាធារណៈ។
P4: Placement (ការចែកចាយ)
ការចែកចាយគឺឆ្ពោះទៅយកលទ្ធភាពទទួលបានផលិតផលឬភាពងាយស្រួលសម្រាប់អតិថិជនក្នុងការរកទិញផលិតផល។ យុទ្ធសាស្ត្រចែកចាយ ដែលពេញនិយមជាងគេគឺការចែកចាយទៅកាន់ដេប៉ូឬឈ្មួញកណ្ដាលឲ្យលក់បន្ត។យុទ្ធសាស្ត្រធ្វើយ៉ាងណាដើម្បីអោយសាធារណជនបានមើលឃើញពីផលិតផលរបស់យើងបានគ្រប់ទីកន្លែងទាំងអស់។ការធ្វើបែបនេះគឺជាការសម្រួលដល់អតិថិជនផងដែរ៕
ប្រភព៖ bizdoctors.asia

Comments