មនុស្សម្នាក់ៗតែងមានក្តីស្រមៃរបស់ខ្លួនផ្សេងៗគ្នា។ អ្នកខ្លះមានបំណងចង់ក្លាយជាវេជ្ជបណ្ឌិត មេធាវី វិស្វករ សេដ្ឋវិទូ។ល។ ឯអ្នកខ្លះទៀតមានបំណងចង់បង្កើតអាជីវកម្មណាមួយដោយខ្លួនឯង ដោយអាជីវកម្មនោះ អាចជាអាជីវកម្មផ្គត់ផ្គង់ទំនិញ ឬ អាជីវកម្មផ្តល់សេវាកម្មក្នុងវិស័យណាមួយក្តី។ ជាការពិតណាស់ អ្នកនឹង ត្រូវបានចាត់ទុកថាជាសហគ្រិនមួយរូបនៅពេលដែលអ្នកបានបង្កើត និង គ្រប់គ្រងអាជីវកម្មមួយដោយ ខ្លួនឯង។ សហគ្រិនភាព គឺជាកិច្ចការមួយដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃការបរាជ័យប្រសិនបើអ្នក មិនបានត្រៀមខ្លួនឱ្យបានល្អនោះទេ។
ដើម្បីត្រៀមខ្លួនក្លាយជាសហគ្រិនដ៏ជោគជ័យ អ្នកគួរសួរខ្លួនឯងនូវសំនួរ ទាំង ៥ ខាងក្រោមនេះ៖
១. តើអ្នកបានត្រៀមខ្លួនសម្រាប់សហគ្រិនភាពហើយឬនៅ? (Have You Prepared for Entrepreneurship)
អ្នកប្រហែលជាមានបំណងចង់ក្លាយជាសហគ្រិនមួយរូបដោយគិតថាថ្ងៃណាមួយអ្នកនឹងបង្កើតអាជីវកម្មដោយខ្លួនឯង។ សហគ្រិនភាពគឺជាកិច្ចការមួយដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅលើសាកលលោក ទាំងមូលនាពេលបច្ចុប្បន្ននេះ ជាពិសេសខណៈពេលដែលមានការលេចឡើងនូវភាពជោគជ័យដ៏មហិមារបស់ សហគ្រិនវ័យក្មេងមួយចំនួន ដូចជា ម៉ាក ហ្សាកឃ័រប៊ើច (Mark Zuckerberg) ដាសទីន មូសកូវីតហ្ស (Dustin Moskovitz) អេនឌ្រូ ម៉ាសិន (Andrew Mason) ម៉ាទ្យូ មូលិនវេច (Matthew Mullenweg) និង សហគ្រិនវ័យក្មេងរបស់កម្ពុជាមួយចំនួនដូចជា ចាង ប៊ុនលាង (ស្ថានិក Brown Coffee) សុខ សភមង្គល (ស្ថានិក Codingate)។ល។ ភាពជោគជ័យរបស់អ្នកទាំងនោះ កើតមានឡើងដោយសារតែក្តីស្រមៃប្រកប ដោយទស្សនវិស័យ ព្រមទាំងការត្រៀមខ្លួនដ៏ល្អផងដែរ។ សហគ្រិនជោគជ័យតែងតែចំណាយពេលជាច្រើន ដើម្បី អភិវឌ្ឍនូវផ្នត់គំនិតអាជីវកម្មរបស់ពួកគេ ដើម្បីត្រៀមខ្លួនប្រយុទ្ធប្រឆាំងជាមួយនឹងឧបសគ្គទាំងឡាយ ដែលអាចកើតមានឡើងជាយថាហេតុ។ ដូច្នេះហើយ ដើម្បីអាចនឹងទទួលបានជោគជ័យនៅក្នុងកិច្ចការ អាជីវកម្មរបស់អ្នក អ្នកគួរគប្បីសួរខ្លួនឯងថា តើអ្នកបានត្រៀមខ្លួនដើម្បីក្លាយជាសហគ្រិនមួយរូបហើយឬនៅ?
២. តើគំនិតអាជីវកម្មរបស់អ្នកអាចទៅរួចដែរឬទេ (Is Your Idea Viable)?
គំនិតរាប់ពាន់លានតែងតែកើតមានឡើងជារៀងរាល់ថ្ងៃ។ ប៉ុន្តែគំនិតទាំងអស់មិនមែនសុទ្ធតែអាចយក មកប្រើប្រាស់នៅក្នុងអាជីវកម្មបាននោះឡើយ។ សហគ្រិន គឺជាប្រភេទមនុស្សដែលមានគំនិតច្រើនពាក់ព័ន្ធទៅនឹង ការប្រកបអាជីវកម្ម ដែលគំនិតទាំងនោះឆ្លុះបញ្ចាំងពីការរីកចម្រើន ឬ អន់ថយរបស់អាជីវកម្មមួយ។ ដូច្នេះហើយ ប្រសិនបើអ្នកមានបំណងចង់ក្លាយជាសហគ្រិនដ៏ជោគជ័យមួយរូប អ្នកគួរតែចំណាយពេលក្នុងការស្វែងយល់ពី គំនិតអាជីវកម្មរបស់អ្នកឱ្យបានល្អិតល្អន់ជាមុនសិន។ សំនួរមួយចំនួនដែលអាចប្រើប្រាស់ដើម្បីសួរខ្លួនឯងបាន ដូចជា៖ តើគំនិតរបស់អ្នកអាចត្រូវបានបង្កើតឡើងប្រកបដោយប្រសិទ្ធិភាពដែរឬទេ? តើគំនិតនោះមានទីផ្សា ដែរឬទេ? តើអ្នកណាជាគូរប្រគួតប្រជែងដ៏មានសក្តានុពលរបស់អ្នក?
៣. តើអ្នកបានពិភាក្សាជាមួយអ្នកណាម្នាក់ហើយឬនៅ? (Have You Talked to Others?)
ប្រសិនបើអ្នកកំពុងគិតអំពីការបើកក្រុមហ៊ុនមួយ រឿងដំបូងបំផុតដែលអ្នកគួរតែធ្វើគឺពិភាក្សាជាមួយ អ្នកណាម្នាក់ ឬបុគ្គលដទៃផ្សេងទៀត។ ពិភាក្សាជាមួយដៃគូររបស់អ្នក មិត្តភក្តិ គ្រូ និង សហគ្រិនដទៃផ្សេង ទៀត។ ការណ៍នេះនឹងជួយឱ្យអ្នកអាចត្រៀមខ្លួនរួចរាល់ក្នុងការគ្រប់គ្រងហានិភ័យណាមួយ។ ការពិភាក្សាមិន ត្រឹមតែជួយឱ្យអ្នកដឹងពីថាតើសហគ្រិនភាពជះឥទ្ធិពលដល់ជីវិតរបស់អ្នកយ៉ាងណានោះទេ ប៉ុន្តែវាថែមទាំង ជួយឱ្យអ្នកពង្រីកនូវគំនិតអាជីកម្មរបស់អ្នកបានទៀតផង។
៤. តើអ្នកដឹងពីរបៀបទាញយកប្រយោជន៍ពីបច្ចេកវិទ្យាដែរឬទេ? (Do You Know How to Leverage Technology?)
នៅក្នុងសតវត្សទី២១នេះ បច្ចេកវិទ្យាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រតិបត្តិការអាជីវកម្ម ទាំងនៅក្នុងតបន់ និង សាកលលោក។ ជាក់ស្តែង ក្រុមហ៊ុន អាលីបាបា (Alibaba) របស់លោក ចេក ម៉ា (Jack Ma) ក្រុមហ៊ុន អាម៉ាហ្សូន (Amazon.com) របស់លោក ជេហ្វ បេហ្សូស (Jeff Bezos) និង ក្រុមហ៊ុន អ៊ីបេ (eBay) របស់លោក ព្យែ អូមីត្យា (Pierre Omidyar) ជាដើម សុទ្ធតែបានប្រើប្រាស់ បច្ចេកវិទ្យាអ៊ីនធ័រនិត (Internet) ដើម្បីប្រកបអាជីវកម្ម ហើយបានបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុនរបស់ពួកគេ។ ជាកាពិតណាស់ ក្រៅពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសិក្សាពីអាជីវកម្មរបស់អ្នក ទាំងផ្នែកខាងក្នុង និង ផ្នែកខាងក្រៅ អ្នកចាំបាច់ត្រូវតែរៀនសូត្រពីរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឱ្យ អាជីវកម្មរបស់អ្នកជោគជ័យផងដែរ។
៥. តើអ្នកបានធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនហើយឬនៅ? (Have You Established a Personal Financial Plan?)
សំនួរមួយនេះស្តាប់ទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែមានមនុស្សជាច្រើនមិនបានយកចិត្តទុកដាក់ទៅលើ ចំណុចនេះឡើយ។ តើអ្នកបានរៀនសូត្រពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកហើយឬនៅ? អ្នកត្រូវគួរតែមាន ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏ច្បាស់លាស់មួយ ដែលនេះជាការត្រៀមខ្លួនមុនពេលអ្នកអាចទទួលបានចំណូលពី អាជីវកម្មរបស់អ្នក បើមិនដូច្នេះទេអ្នកនឹងអាចប្រឈមនូវវិបត្តិហិរញ្ញវត្ថុក្នុងកំឡុងពេលនៃការប្រកបអាជីវកម្ម របស់អ្នក។ សំនួរដ៏សំខាន់បំផុតមួយដែលអ្នកត្រូវសួរខ្លួនឯងនោះគឺថា តើប្រាក់ប៉ុន្មានដែលអ្នកត្រូវការសម្រាប់ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់អ្នក? ឬតើអ្វីខ្លះដែលអ្នកត្រូវកាត់បន្ថយ? ជាចុងក្រោយ តើអ្វីទៅជាផែនការបម្រុង នៅពេលអ្នកអស់ប្រាក់? ប្រសិនបើអ្នកមិនអាចស្វែងរកនូវចម្លើយចំពោះសំនួរទាំងនោះបានដោយខ្លួនឯងទេ អ្នកគួរតែប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុដើម្បីស្វែរកនូវដំណោះស្រាយ៕
Comments