ទើបតែព្រឹកម្សិលមិញនេះប៉ុណ្ណោះ បែកធ្លាយដំណឹងថា អតីតតារាចម្រៀងផលិតកម្មថោន លោក ណាំ ប៊ុណ្ណារ័ត្ន មានប្រពន្ធ ថែមទាំងមានកូនទៀត បើទោះកន្លងមកលោកមិនធ្លាប់បញ្ចេញដំណឹងរៀបការក៏ដោយ។
មហាជនភ្ញាក់ផ្អើល ពេលសាមីខ្លួនបានបញ្ចេញរូបភាពជាមួយក្មេងប្រុសម្នាក់ ដោយភ្ជាប់សារថា « ឪពុក និងកូន »។ ឆ្លើយតបជាមួយ Sabay តារាចម្រៀងរូបនេះ ប្រាប់ថា ជាការពិត កុមារាក្នុងរូបនេះ គឺជាពិតជាកូនបង្កើតរបស់លោកពិតមែន។ « បាទកូនខ្ញុំបង ទើបបានមួយឲ្យគត់ អាយុ៩ខែហើយ!”។
បែបនេះក្ដី តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន សុំមិនបញ្ចេញលម្អិតពីអត្តសញ្ញាណរបស់ភរិយា គ្រាន់តែប្រាប់ថា ម្ដាយរបស់កូនប្រុសលោក មិនមែនជាសិល្បករទេ ហើយមាននាទីជាមេផ្ទះប៉ុណ្ណោះ។លោកបានចាប់ដៃគ្នាជាមួយភរិយា ដើរលើវិថីជីវិតគូប្រមាណ៣ឆ្នាំហើយ ដោយសារលោកមានចរិតស្រលាញ់ភាពស្ងប់ស្ងាត់ ទើបមិនចង់បញ្ចេញព័ត៌មានពីការមានគ្រួសារឲ្យមហាជនដឹងជាសាធារណៈ។
ក្រោយពីចាប់ដៃគ្នាធ្វើជាស្វាមី-ភរិយា ណាំ ប៊ុណ្ណារ័ត្ន ប្រាប់ថា ពួកលោកបានងាកមកប្រកបជំនួញបន្ថែម ដោយបើកហាងលក់ភេសជ្ជយីហោ « ឆបស៍ឆា » ឬ « CHOB CHA” មើលការខុសត្រូវរួមគ្នា។ មូលហេតុនេះហើយ ទើបមួយរយៈចុងក្រោយ លោកកាន់តែរយាលពីការងារសិល្បៈ ដោយលោកបានប្រាប់ថា ផ្អាកច្រៀងមួយរយៈហើយ ដោយនៅត្រឹមធ្វើបទភ្លេងឲ្យគេប៉ុណ្ណោះ ក្នុងនោះលោកក៏បានសុំឈប់ពីផលិតកម្ម M ទៀតផង។
តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និង មាស សុខសោភា ថតនៅក្នុងហាង CHOB CHA
លោក ណាំ ប៊ុណ្ណារ័ត្ន គឺជាអតីតតារាចម្រៀង ផលិតកម្មថោន ក្រោយមកបានចេញមកផលិតកម្ម M ។ ក្រៅពីអាជីពសិល្បៈ លោកគឺជាមន្ត្រីរាជការបម្រើការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ ដោយរវល់ការងារ និងមុខជំនួញផង លោក និងភរិយា ទើបតែមានកូនប្រុសទី១នេះ និងមិនទាន់មានគម្រោងយកបុត្របន្ថែមទៀតទេ៕
ប្រភព: sabay news
Comments