ឆាយ៉ដែលខ្មែរយើងប្រើពាក្យកម្ចីពីវៀតណាមឬ spring roll ជាភាសាអង់គ្លេស ជានំធ្វើពីម្សៅ ស្នូលសាច់ចិញ្ច្រាំ និងបន្លែ មានដើមកំណើតនៅក្នុងប្រទេសចិន ដែលបច្ចុប្បន្នបានហៀរហូរទៅកាន់គ្រប់ច្រកល្ហកនៅលើពិភពលោក ដូចជាបារាំង ហូឡង់ ជប៉ុន និង អាស៊ីអាគ្នេយ៍ដូចយ៉ាង ឥណ្ឌូណេស៊ី និង វៀតណាម ជាដើម។
មានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ ៣ ទាក់ទងនឹងនំឆាយ៉ ឬ spring roll៖
ទី១៖ ប្រវត្តិដ៏យូរលង់
នំនេះមានដើមកំណើតជិត២ពាន់ឆ្នាំ គឺតាំងពីរាជវង្សជីនរបស់ប្រទេសចិន ក្នុងចន្លោះ ឆ្នាំ ២៦៥-៤២០ នៃគ.ស ហើយជនជាតិចិនស្ថិតនៅខេត្តហ្វូជៀន ភាគខាងត្បូងប្រទេសចិន (ជាខេត្តដែលបច្ចុប្បន្ននៅជិតបំផុតនឹងកោះតៃវ៉ាន់) ជាអ្នកដែលបាននាំយករបៀបធ្វើនំនេះមកដល់អាស៊ីអាគ្នេយ៍មុនគេ។
ទី២៖ ឈ្មោះនំនេះត្រូវបានប្រទេសនានា ហៅតាមឈ្មោះរដូវ (រដូវផ្ការីក)
ប្រទេសនានាយកតាមឈ្មោះ "និទាឃៈរដូវ" បូកនឹងរូបរាងនំដែលមាន "រាងមូលទ្រវែង" អីចឹងហើយទើបមានឈ្មោះជាភាសាអង់គ្លេសថា spring roll។
វៀតណាម ហៅឈ្មោះនំនេះថា ឆាយ៉ (chả giò) មានន័យជាភាសាអង់គ្លេស spring roll ។ បារាំង ហៅឈ្មោះនំនេះថា rouleau de printemps មានន័យជាភាសាអង់គ្លេស spring roll ។ ឥណ្ឌូណេស៊ី ហៅឈ្មោះនំនេះថា lumpia មានន័យជាភាសាអង់គ្លេស spring roll ។ ទី៣៖ ពីក្រោយមូលហេតុដែល ឆាយ៉ យកឈ្មោះតាមរដូវ
បើតាមកំណត់ត្រាចិនបុរាណ ដែលកាសែត The South China Morning Post បានចុះផ្សាយ ជឿថា និទាឃៈរដូវ ( រដូវផ្ការីក) គឺជាពេលវេលាស័ក្ដិសមបំផុតដើម្បីទទួលទាន មើមខ្ទឹម ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ ដើម្បីជួយបន្ថែមនូវថាមពលដល់រាងកាយ ហើយដើម្បីឲ្យរសជាតិកាន់តែឆ្ងាញ់ គេខ្ចប់បន្ទះម្សៅស្តើងៗ រួមនឹងសាច់ ហើយនិងបន្លែចិញ្ច្រាំចូលគ្នា៕
Comments