ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបានធ្វើការព្រមាន នឹងដកហូតអាជ្ញាបណ្ណគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានណា ដែលមិនគោរពតាមការណែនាំ ចំពោះការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន នោះ។យោងតាមលិខិតមួយសន្លឹកចុះនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ របស់ធនាគារជាតិនៃកម្ពុជា បានសរសេរថា ធនាគារជាតិនៃកម្ពុជា សូមជម្រាបលោក លោកស្រី អគ្គនាយក អគ្គនាយិកា គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករ ឥណទានជនបទទាំងអស់ ជ្រាបថា កន្លងមកធនាគារជាតិនៃកម្ពុជា បានជូនដំណឹងអំពីការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្ដល់ឥណទាន។ ប៉ុន្តែធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករ ឥណទានជនបទមួយចំនួន នៅតែអនុវត្តមិនទាន់បានពេញលេញ តាមសេចក្តីជូនដំណឹងខាងលើ ហេតុដូចនេះ ធនាគារជាតិនៃកម្ពុជា សូមរំលឹកថា គ្រឹះស្ថានទាំងអស់ ត្រូវយកចិត្តទុកដាក់ បន្តអនុវត្តន៍ខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧.០១៦.២១០.សជណ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ឲ្យបានពេញលេញ និងម៉ឺងម៉ាត់។
ហេតុដូច្នេះក្នុងករណីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទណា នៅតែបន្តសកម្មភាព និងមិនយកចិត្តទុកដាក់អនុវត្តតាម សេចក្តីជូនដំណឹងនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងនោះ នឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យ និងឈានទៅរកការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតចុះបញ្ជី បញ្ឈប់សកម្មភាពអាជីវកម្ម ស្របតាមមាត្រា៥២ និង៥៦ នៃច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាធរមាន ៕
Comments